សហគ្រិនស្ត្រី៣រូបរួមគ្នាបង្កើតសេវាយន្តហោះសង្គ្រោះបន្ទាន់លំដាប់ VIP

សហគ្រិនស្ត្រីចំនួន៣រូប រួមគ្នាបើកដំណើរការសេវាកម្មថ្មីមួយ «ឈ្មោះយន្តហោះសង្គ្រោះបន្ទាន់លំដាប់ VIP ឬ VIP Air Ambulance»។ ពិធីប្រកាសដាក់ឲ្យប្រើប្រាស់សេវាកម្មនេះ ធ្វើនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅមណ្ឌលវេជ្ជសាស្ត្រ ដេវ៉ាល់ដា។

យន្តហោះសង្គ្រោះបន្ទាន់លំដាប់ VIP បង្ហាញវត្តមាននៅកម្ពុជា ក្នុងគោលបំណងជួយសម្រួលដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺដែលស្វែងរកសេវាសង្គ្រោះបន្ទាន់មួយចំនួនក្នុងករណីដែលការព្យាបាលក្នុងស្រុកពុំទាន់មាន។ VIP Air Ambulance គឺជាយន្តហោះពេទ្យ ដែលមានបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ការហោះហើរឆាប់រហ័សបំផុត ដោយមានគិលានុបដ្ឋាយិកា គ្រូពេទ្យជំនាញសម្រាប់មើលថែអ្នកជំងឺក្នុងពេលធ្វើដំណើរលើយន្តហោះ និង មានអាកាសយានិកស្ទាត់ជំនាញដែលបានឆ្លងកាត់ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលច្បាស់លាស់ ដើម្បីធានា និង ផ្ដល់ទំនុកចិត្តជូនអតិថិជន។

ថ្លែងក្នុងកម្មវិធីសម្ពោធនេះ កញ្ញាវេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា នាយិកា មណ្ឌលវេជ្ជសាស្ត្រ ដេវ៉ាល់ដា បានលើកឡើងថា៖ « យើងខ្ញុំបានរៀបចំសេវាថ្មីនេះ ក្នុងគោលបំណងជួយលើកកំពស់គុណភាពព្យាបាល សុក្រិត្យភាពនៃរោគវិនិឆ្ឆ័យ អន្តរាគមន៍វេជ្ជសាស្ត្រ និងសលសាស្ត្រ ឲ្យទាន់ពេលវេលា។ យើងខ្ញុំសម្រួលដល់អ្នកជំងឺដើម្បីឲ្យគាត់អាចស្វែងរក សេវាព្យាបាលដែលត្រឹមត្រូវ និងមានការប្រឹក្សាច្បាស់លាស់ជាមួយវេជ្ជបណ្ឌិតក្នុងស្រុកជាមុន ដើម្បីឈានទៅជួបជាមួយ វេជ្ជបណ្ឌិតក្រៅប្រទេសឲ្យចំគោលដៅនៃស្ថានភាពជំងឺពិតប្រាកដ ក្នុងអន្តរាគមន៍វេជ្ជសាស្ត្រ និងសលសាស្ត្រមួយចំនួនតូច ដែលមិនទាន់មាននៅក្នុងប្រទេសកម្ពុជាយើង។ សេវាកម្មរបស់យើង និងជួយសម្រួលរាល់ បែបបទឯកសាររដ្ឋបាលរវាងប្រទេសទាំងពីរ ឲ្យបានត្រឹមត្រូវក្នុងស្ថានភាព កូវីដ១៩ផងដែរ»។

VIP Air Ambulance គឺជាយន្តហោះសង្គ្រោះបន្ទាន់ដែលទំនើប និង រហ័សបំផុត នៅក្នុងប្រទេសកម្ពុជាដែលបានដឹកអ្នកជំងឺទៅក្រៅប្រទេសដោយបានធ្វើការសហការជាមួយប្រទេសដទៃទៀតដូចជា ប្រទេសថៃ និង ប្រទេសសិង្ហបុរី ដោយមានកិច្ចសហការជាមួយបណ្តាមន្ទីរពេទ្យនៅទីនោះផងដែរ។ សម្រាប់ប្រទេសថៃក៏មានការសហការជាមួយមន្ទីរពេទ្យបំរ៉ុងរ៉ាត់ មន្ទីរពេទ្យបាងកក ចៅផាយ៉ា សម៉ាធីវេត ផាយ៉ាថៃ២ជាដើម។

សេវានេះបើកដំណើរការឡើង គឺប្រកបដោយស្តង់ដារមួយមានការកំណត់តម្លៃថេរនិងច្បាស់លាស់ រួមជាមួយការសហការជាមួយក្រុមហ៊ុន Air Ambulance ដើម្បីសម្រួលដល់អតិថិជនក្នុងការចំណាយឲ្យបានត្រឹមត្រូវក្នុងពេលជួបគ្រាលំបាក។ សេវានេះត្រូវបានផ្តល់ជូន ៧ថ្ងៃក្នុងមួយសប្តាហ៏ និង ២៤ម៉ោងក្នុងមួយថ្ងៃ។

សូមបញ្ជាក់ថា យន្តហោះសង្គ្រោះបន្ទាន់លំដាប់ VIP  ឬ VIP Air Ambulance បង្កើតឡើងក្រោមកិច្ចសហការ៣ភាគីរវាងមណ្ឌលវេជ្ជសាស្ត្រ ដេវ៉ាល់ដា ដែលជាអ្នកផ្តល់សេវាត្រួតពិនិត្យអ្នកជំងឺ រៀបចំឯកសារសុខភាព និងប្រឹក្សាជាមួយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យដែលអ្នកជំងឺបំរុងនឹងទៅ។ ភាគីទី២ ក្រុមហ៊ុន ប្ល៊ូមេឌា កម្ពុជា ដែលជាក្រុមហ៊ុនផ្សព្វផ្សាយស្តង់ដារមួយក្នុងប្រទេសកម្ពុជាក្នុងការផ្តល់ព័ត៌មានឲ្យ បានគ្រប់ជ្រុងជ្រោយនិងទូលំទូលាយដល់អ្នកដែលស្វែងរកសេវានេះ និងភាគីទី៣ ភ្នាក់ងាប្រឹក្សាវេជ្ជសាស្ត្រដែលជាដៃគូយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនហោះហើរ MJETs និង មន្ទីរពេទ្យនានានៅក្រៅប្រទេស៕

ពិធីសម្ពោធសេវាយន្តហោះសង្គ្រោះបន្ទាន់លំដាប់ VIP៖

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.