សេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ទៅកាន់ប្រទេសសិង្ហបុរី

ពិធីចុះកិច្ចសន្យា ដៃគូពាណិជ្ជកម្ម រវាងបីភាគី ក្នុងការផ្ដល់ជូននូវ «សេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ទៅកាន់ប្រទេសសិង្ហបុរី» បានប្រព្រឹត្តិទៅនៅរសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០នេះ នៅឯមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ។ ពិធីចុះកិច្ចសន្យា ដៃគូពាណិជ្ជកម្មនេះ ធ្វើឡើងរវាង៣ភាគី គឺ មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ជាមន្ទីរពេទ្យស្ដង់ដារអន្តរជាតិថ្មីមួយនៅកម្ពុជាដែលទើបបើកដំណើរការកាលពីចុងខែមីនាកន្លងមកនេះ ជាមួយនឹង VAAC និង មណ្ឌលវេជ្ជសាស្ត្រ ដេវ៉ាល់ដា។

មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ បំពាក់ដោយបរិក្ខាទំនើបៗចុងក្រោយ និងប្រជុំដោយវេជ្ជបណ្ឌិតជំនាញៗមកពីប្រទេសសិង្ហបុរី និងប្រទេសបារាំងជាដើម ហើយក៏ជាមន្ទីរពេទ្យដែលមានដៃគូជាមួយមន្ទីរពេទ្យនានាក្នុងប្រទេសសិង្ហបុរីផងដែរ។ មណ្ឌលវេជ្ជសាស្ត្រ ដេវ៉ាល់ដា ដែលជាមណ្ឌលវេជ្ជសាស្ត្រក្នុងស្រុកដែលមានទីតាំងនៅរាជធានីភ្នំពេញ ផ្ដល់ជូនអ្នកជំងឺនូវសេវាសុខភាពជាច្រើននិងសេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ និងយន្តហោះឯកជនលំដាប់វីអាយភី VAAC ក្នុងការផ្ដល់ជូនអតិថិជននូវការធ្វើដំណើរទៅព្យាបាលជំងឺធ្ងន់ៗនៅមន្ទីរពេទ្យនានាដែលខ្លួនសហការនៅឯក្រៅប្រទេស។

ថ្លែងក្នុងពិធីចុះហត្ថលេខានោះដែរ លោកស្រី ខែក ខេមរ៉ាត ស្ថាបនិកសេវាហោះហើរបន្ទាន់ VAAC បានលើកឡើងថា៖ «ការសហកាគ្នានេះ ធ្វើឡើងដើម្បីជួយសម្រួលដល់អ្នកជំងឺ និងគ្រួសារអ្នកជំងឺដែលស្វែងរកសេវាកម្មពិនិត្យ និងព្យាបាលជំងឺនៅឯប្រទេសសិង្ហបុរី ក្នុងករណីដែលសេវាកម្មទាំងនោះ មិនទាន់មានក្នុងស្រុក ជាពិសេសនៅពេលអ្នកជំងឺស្ថិតក្នុងស្ថានភាពត្រូវសង្គ្រោះបន្ទាន់ ក្នុងពេលដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផ្ទាល់ កំពុងជួបប្រទះនឹងជំងឺកូវីដ១៩» ។

VAAC ផ្ដល់ជូននូវសេវាកម្មយន្តហោះពេទ្យសង្គ្រោះបន្ទាន់ និងយន្តហោះឯកជន ដែលមានបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ការហោះហើរឆាប់រហ័សបំផុត ដោយមានគិលានុបដ្ឋាយិកា គ្រូពេទ្យជំនាញ សម្រាប់មើលថែរក្សាអ្នកជំងឺក្នុងពេលធ្វើដំណើរលើយន្តហោះ និង មានអាកាសយានិកយ៉ាងស្ទាត់ជំនាញ ដែលបានឆ្លងកាត់ការហ្វឹកហ្វឺនបណ្ដុះបណ្ដាលច្បាស់លាស់ ដើម្បីធានា និង ផ្ដល់ទំនុកចិត្តជូនអតិថិជន។

លោកស្រីវេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា នាយិកាមណ្ឌលវេជ្ជសាស្ត្រ ដេវ៉ាល់ដា បានលើកឡើងថា «យើងខ្ញុំបានរៀបចំសេវាថ្មីនេះ ក្នុងគោលបំណងជួយលើកកំពស់ គុណភាពព្យាបាលសុក្រិត្យភាពនៃរោគវិនិឆ្ឆ័យ អន្តរាគមន៍វេជ្ជសាស្ត្រ និងសលសាស្ត្រ អោយទាន់ពេលវេលា។ យើងខ្ញុំសម្រួលដល់អ្នកជំងឺដើម្បីអោយគាត់អាច ស្វែងរក សេវាព្យាបាលដែលត្រឹមត្រូវ និងមានការប្រឹក្សាច្បាស់លាស់ជាមួយវេជ្ជបណ្ឌិតក្នុងស្រុកជាមុន ដើម្បីឈានទៅជួបជាមួយ វេជ្ជបណ្ឌិតក្រៅប្រទេសឲ្យចំគោលដៅនៃស្ថានភាព ជំងឺពិតប្រាកដ ក្នុងអន្តរាគមន៍វេជ្ជសាស្ត្រ និងសលសាស្ត្រមួយចំនួនតូច ដែលមិនទាន់មាននៅ ក្នុងប្រទេសកម្ពុជាយើង។»

ជុំវិញការលើកឡើងពីគុណភាពសុខាភិបាលនៅកម្ពុជានាពេលបច្ចុប្បន្ន លោកបណ្ឌិត Christopher Tay ប្រធានមន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ បានមានប្រសាសន៍ថា ពលរដ្ឋកម្ពុជាលែងបារម្ភទៀតទៅ ព្រោះមន្ទីរពេទ្យកាន់តែច្រើន និងវេជ្ជបណ្ឌិតជំនាញៗកាន់តែច្រើនបានចូលមកវិនិយោគនិងចូលរួមចំណែកក្មុងវិស័យសុខាភិបាលនេះ។ ជាក់ស្តែង មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ស្ថិតនៅកណ្តាលក្រុងភ្នំពេញ «ផ្ដល់ជូននូវការព្យាបាលដែលមានគុណភាខ្ពស់ជាមួយតំលៃសមរម្យដោយក្រុមគិលានុបដ្ឋាក និងវេជ្ជបណ្ឌិតជំនាញៗមកពីក្រៅប្រទេសស្របតាមស្ដង់ដាសិង្ហបុរី»។ VAAC គឺជាសេវាមួយដែលដំណើរការឡើងប្រកបដោយស្តង់ដារមួយមានការកំណត់តម្លៃថេរនិងច្បាស់លាស់ រួមជាមួយការសហការជាមួយក្រុមហ៊ុន Air Ambulance ដើម្បីសម្រួលដល់អតិថិជនក្នុងការចំណាយឲ្យបានត្រឹមត្រូវក្នុងពេលជួបគ្រាលំបាក។ ការផ្តល់ជូនសេវានេះ ក្នុងរយៈពេល៧ថ្ងៃក្នុងមួយសប្តាហ៍ និង២៤ម៉ោងក្នុងមួយថ្ងៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ
This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.